Saturday, May 10, 2014

ខ្លាចហើយចិត្តប្រុស

- ទុក្ខអើយ ទុក្ខខ្ញុំ មហាធំធេង
កើតទុក្ខម្នាក់ឯង ចម្បែងឱរា
ខ្លាចហើយចិត្តប្រុស ល្បិចកលឫស្យា
ជឿលង់ចិន្តា ស្មានថាគេស្មោះ ។
- បងមានប្រពន្ធ ថែមមានទាំងកូន
តាមលន់តួអូន ប្រាប់ស្ងួនកម្លោះ
ស្រឡាញ់ភក្ដី គ្មានថ្ងៃបង់បោះ
ប្រាថ្នារួមរស់ ជាប្រពន្ធប្ដី ។
- សែនឈឺចិត្តណាស់ ប៉ះប្រុសទុយ៌ស
គ្មានទំនួលខុស ត្រូវលើរូបស្រី
ប្រលោមបានចិត្ត នែបនិត្យមេត្រី
ប្រែប្រួលដោះដៃ វិលរកគូចាស់ ។
- ខ្ញុំសូមស្មារលា កុំឲ្យជួបទៀត
បន់ផ្សងគ្រប់ជាតិ ឃ្លាតស្នេហ៍វិបល្លាស
យល់តែស្នេហា ចិន្តាល្អល្អះ
ចៀសឆ្ងាយ កុំប៉ះនឹងប្ដីគេអើយ...។/
និពន្ធដោយ៖ ផែន សុផល

ភូមិបេង ដួងចិត្ត

- ស្បែកសម្បុរព្រឺ ឮផ្គរគ្រហឹម
រឭកណាស់ខ្ញុំ ឱះឱ! ភូមិបេង
ប្រវត្តិរឿងរ៉ាវ ដិតដៅពីក្មេង
រត់ដេញគ្នាលេង កាត់ទឹកក្នុងស្រែ ។
- ពេលល្ងាចតាមឪ ទៅដាក់បង្កៃ
ដើរកាត់ប្រឡាយ ត្រពាំងសង្កែ
ខ្វែងបៀ ទឹកហូរ ជំនោរដើមខែ
សែននឹកម្ល៉េះទេ! ព្រះម្ចាស់ថ្លៃអើយ..។
- កកោរខ្នងជ្រុង ដើមកណ្ដុរបី
មាត់ព្រែកជីកថ្មី ខ្យល់បក់រំភើយ
ម៉ែច្រៀងបំពេ ឲ្យកូនគេងកើយ
កល់ភ្លៅជាខ្នើយ ម្លប់អាកាស្យ៉ា ។
- មេឃដី ព្រៃភ្នំ ជួយចាំដួងចិត្ត
ជាតិក្រោយមានពិត សូមផ្សងសច្ចា
ជួបជុំបងប្អូន ម៉ែឪដូនតា
បានកើតរូបា នឹងភូមិបេងទៀត ។/
និពន្ធដោយៈ ផែន សុផល