Thursday, September 26, 2013

រឭកនួនល្អង

- ផ្គរលាន់គគ្រឹម គ្រហ៊ឹមខ្យល់ខ្លាំង
ផ្លេកបន្ទោរចាំង ស្នូរផាំងញ័រដី
គ្រាប់ភ្លៀងធ្លាក់ខ្ជោក ដាបចុងឫស្សី
ពព្លាក់យំភ័យ ហើរចោលទ្រនំ។
- កូនខ្ទមប្រក់ស្បូវ ដេកនៅម្នាក់ឯង
កើតទុក្ខចម្បែង ចិត្តរែងក្រៀមក្រំ
ដៃឱបដើមទ្រូង បេះដូងរណ្ដំ
ព្រួយបងប៉ុនភ្នំ សែនធំល្វឹងល្វើយ។
- រាត្រីងងឹត បងគិតច្រើនដង
រឭកនួនល្អង ធ្លាប់គេងរួមខ្នើយ
ផ្ដោះផ្ដងសម្ដី ស្នេហាកៀកកើយ
ព្យុះស្នេហ៍ឆ្លងត្រើយ ដល់ឋានសួគ៌ា។
- សំណោកជីវិត រឿងពិតកវី
និរាសព្រាត់ស្រី ព្រោះកម្មផ្ដន្ទា
ម្ដាយអូនបំបែក ខ័ណ្ឌចែកផ្លូវគ្នា
ឱ្យពៅពុំងា រៀបការចោលបង។/
និពន្ធដោយៈ ផែន សុផល

Tuesday, September 17, 2013

បេះដូងឈឺផ្សា

-ខ្យល់បក់វូៗ យោលយោគមែកជ្រៃ
ពពូលយំភ័យ ហើរចោលទ្រនំ
ផ្ទៃមេឃស្រឡះ ច័ន្ទរះពេញវង់
អនិច្ចា អើយ ខ្ញុំ ទុក្ខធំព្រោះស្នេហ៍។
-អង្គុយម្នាក់ឯង ចិត្តរែងក្រៀមក្រោះ
កើតក្ដីស្រណោះ ស្រណោកម្ល៉េះទេ!!
ស្ដាយវ័យក្រមុំ ខំរក្សាថែ
លួចក្បត់ឪម៉ែ ចាកប្រពៃណី។
-ស្បថស្បែរយដង បងពោលមុខអូន
ភក្ដីនឹមនួន លុះសូន្យជីវី
អាណិតស្រលាញ់គិតគ្រប់នាទី
ប្រុសឆោមឆវីគូព្រេងវាសនា។
-ម្ដេចឡើយពេលនេះ ស្នេហ៍ប្រែជូរចត់
ពាក្យពេចន៍សម្បថឱ្យអូនឈឺផ្សា
បងមានអ្នកថ្មី បំភ្លេចសន្យា
បេះដូងឯកា លើស្នេហាកម្ម។/
និពន្ធដោយៈ ផែន សុផល

Sunday, September 1, 2013

ជីវិតអស់ន័យ

-ផែនដីវិលវល់ អូនពុលគំនិត
ប្រុសបងបែកចិត្តគ្មានអាណិតស្រី
ឱ្យអូនក្អួតឈាមក្រំក្រៀមរាល់ថ្ងៃ
រៀបការគូថ្មី ចោលស្រីទៅហើយ។
-បងអើយ អើយបង អូនទួញសោកយំ
ទុក្ខពូនជាភ្នំ គ្មានអ្នកដឹងឡើយ
សេចក្ដីស្នេហា នឹកថាដល់ត្រើយ
បានរស់កៀកកើយក្បែរទ្រូងវរមិត្រ។
-បំណងពេលនេះ ត្រូវរលាយអស់
ប្រែប្រួលព្រោះប្រុសចិត្តខ្មៅងងឹត
យល់ន័យស្នេហ៍ដែរ តែមិនយល់ចិត្ត
ស៊ូក្ស័យជីវិត ស្នេហ៍ពិតភក្ដី។
-លាហើយ ព្រៃវែង ស្រីលែងមានកម្ម
លាអ្នកមានគុណ ធ្ងន់លើសផែនដី
លាមិត្ត លាញាតិ ឃ្លាតពុំវិលកាយ
ជីវិតអស់ន័យ ដោយសារប្រុសក្បត់។/
និពន្ធដោយៈ ផែន សុផល