-ផែនដីវិលវល់ អូនពុលគំនិត
ប្រុសបងបែកចិត្តគ្មានអាណិតស្រី
ឱ្យអូនក្អួតឈាមក្រំក្រៀមរាល់ថ្ងៃ
រៀបការគូថ្មី ចោលស្រីទៅហើយ។
-បងអើយ អើយបង អូនទួញសោកយំ
ទុក្ខពូនជាភ្នំ គ្មានអ្នកដឹងឡើយ
សេចក្ដីស្នេហា នឹកថាដល់ត្រើយ
បានរស់កៀកកើយក្បែរទ្រូងវរមិត្រ។
-បំណងពេលនេះ ត្រូវរលាយអស់
ប្រែប្រួលព្រោះប្រុសចិត្តខ្មៅងងឹត
យល់ន័យស្នេហ៍ដែរ តែមិនយល់ចិត្ត
ស៊ូក្ស័យជីវិត ស្នេហ៍ពិតភក្ដី។
-លាហើយ ព្រៃវែង ស្រីលែងមានកម្ម
លាអ្នកមានគុណ ធ្ងន់លើសផែនដី
លាមិត្ត លាញាតិ ឃ្លាតពុំវិលកាយ
ជីវិតអស់ន័យ ដោយសារប្រុសក្បត់។/
និពន្ធដោយៈ ផែន សុផល
No comments:
Post a Comment