-ថ្ងៃស្អែក ថ្ងៃស្អែក ថ្ងៃទុក្ខក្រៀមក្រំ
ថ្ងៃស្អែកការមុំ បងយំអាល័យ
ស្ដាយរសជាតិស្នេហ៍ខំថែយូរថ្ងៃ
ប្រែគ្មានតម្លៃ រីងរៃឈឺផ្សា។
-សម្ដីចុងក្រោយ ឱ្យបងទឹកភ្នែក
ស្រណោះពន់ពេកដេកណែនឱរា
មិត្តភាពចិត្តស្មោះប្រែក្លាយប្រេះឆា
ស្រីលែងមេត្តាអាណិតដល់បង។
-យប់នេះ ទឹកភ្នែកបងត្រូវហូរស្រក់
មួយពាន់តំណក់ព្រោះតែនួនល្អង
ភ្លេចពាក្យសន្យាដែលយើងបានផ្សង
ធ្វើជាគូគ្រងលុះក្ស័យជីវិត។
-ភូមិដោះក្រមុំ សត្វយំមាត់អូរ
ខ្ទមស្បូវថ្ងួចថ្ងូរ នឹកស្រស់វរមិត្រ
ខានស្ដាប់វាចាសង្សារដួងចិត្ត
តែងមកនែបនិត្យ ជិតថ្ងៃរៀបលិច។/
និពន្ធដោយៈ ផែន សុផល
No comments:
Post a Comment