Thursday, June 12, 2014

លាស្នេហ៍កុលាបតាតឹម

-សូមផ្ញើចម្រៀង សូរសៀងថ្ងួចថ្ងូរ
ផ្ដាំតាមវាយោ ជូនពរចរណៃ
កុលាបតាតឹម រៀមគ្មាននិស្ស័យ
រួមភិសសម័យ ក្រោយថ្ងៃរៀបការ។
-កំសួលទឹកភ្នែក រហែកដួងចិត្ត
ស្នេហ៍ស្រីអស់ស្និទ្ធ អាណិតមេត្តា
បានយល់កវី សម្ដីវោហារ
ភ្លេចអនុស្សា ធ្លាប់ចារកម្រង។
-ស្បូវមាស,កោះពេជ្រ ដើរផ្សាររាត្រី
កន្លែងមានន័យ រឿងស្រីនិងបង
ទន្លេបួនមុខ ក្ដីសុខកន្លង
កើយភ្លៅនួនល្អង ប្រះខ្នងលើថ្ម។
-លាហើយ តាតឹម ដែលខ្ញុំចាញ់ស្នេហ៍
ឱបទុក្ខគ្មានល្ហែ ព្រោះតែខ្លួនក្រ
មិនអាចឱ្យស្ងួន នឹមនួនរស់ល្អ
ជីវិតបវរ ដូចអ្នកទីក្រុង។/
និពន្ធដោយៈ ផែន សុផល

Saturday, May 10, 2014

ខ្លាចហើយចិត្តប្រុស

- ទុក្ខអើយ ទុក្ខខ្ញុំ មហាធំធេង
កើតទុក្ខម្នាក់ឯង ចម្បែងឱរា
ខ្លាចហើយចិត្តប្រុស ល្បិចកលឫស្យា
ជឿលង់ចិន្តា ស្មានថាគេស្មោះ ។
- បងមានប្រពន្ធ ថែមមានទាំងកូន
តាមលន់តួអូន ប្រាប់ស្ងួនកម្លោះ
ស្រឡាញ់ភក្ដី គ្មានថ្ងៃបង់បោះ
ប្រាថ្នារួមរស់ ជាប្រពន្ធប្ដី ។
- សែនឈឺចិត្តណាស់ ប៉ះប្រុសទុយ៌ស
គ្មានទំនួលខុស ត្រូវលើរូបស្រី
ប្រលោមបានចិត្ត នែបនិត្យមេត្រី
ប្រែប្រួលដោះដៃ វិលរកគូចាស់ ។
- ខ្ញុំសូមស្មារលា កុំឲ្យជួបទៀត
បន់ផ្សងគ្រប់ជាតិ ឃ្លាតស្នេហ៍វិបល្លាស
យល់តែស្នេហា ចិន្តាល្អល្អះ
ចៀសឆ្ងាយ កុំប៉ះនឹងប្ដីគេអើយ...។/
និពន្ធដោយ៖ ផែន សុផល

ភូមិបេង ដួងចិត្ត

- ស្បែកសម្បុរព្រឺ ឮផ្គរគ្រហឹម
រឭកណាស់ខ្ញុំ ឱះឱ! ភូមិបេង
ប្រវត្តិរឿងរ៉ាវ ដិតដៅពីក្មេង
រត់ដេញគ្នាលេង កាត់ទឹកក្នុងស្រែ ។
- ពេលល្ងាចតាមឪ ទៅដាក់បង្កៃ
ដើរកាត់ប្រឡាយ ត្រពាំងសង្កែ
ខ្វែងបៀ ទឹកហូរ ជំនោរដើមខែ
សែននឹកម្ល៉េះទេ! ព្រះម្ចាស់ថ្លៃអើយ..។
- កកោរខ្នងជ្រុង ដើមកណ្ដុរបី
មាត់ព្រែកជីកថ្មី ខ្យល់បក់រំភើយ
ម៉ែច្រៀងបំពេ ឲ្យកូនគេងកើយ
កល់ភ្លៅជាខ្នើយ ម្លប់អាកាស្យ៉ា ។
- មេឃដី ព្រៃភ្នំ ជួយចាំដួងចិត្ត
ជាតិក្រោយមានពិត សូមផ្សងសច្ចា
ជួបជុំបងប្អូន ម៉ែឪដូនតា
បានកើតរូបា នឹងភូមិបេងទៀត ។/
និពន្ធដោយៈ ផែន សុផល

Thursday, January 9, 2014

ទណ្ឌកម្មស្នេហ៍

-ឈរប្របមាត់បឹង សម្លឹងទឹកហូរ
ទឹកភ្នែកជន់ជោរ ស្រក់ហូរឥតល្ហែ
សែនស្ដាយស្រណោះ ចិត្តស្មោះបងថែ
មិនគួរបែកបែរ ចោលស្នេហ៍ថ្លើមថ្លៃ។
-រឿងរ៉ាវជីវិត រួបរឹតបញ្ហា
នឹកឃើញម្ដងណា ខ្លោចផ្សាពេកក្រៃ
សឹងតែលែងនៅ ចេញទៅឲ្យឆ្ងាយ
ក្រែងបានរសាយ ខ្វល់ខ្វាយគំនិត។
-ឱ! ស្ពានមានជ័យ ក្រុងសែនមនោរម្យ
កុំសើច កុំយំ រឿងខ្ញុំខូចចិត្ត
ប្រាសព្រាត់មាសឆ្អិន ម្ដាយមិនអាណិត
ឃើញប្រុស ក្រ ពិត ឥតត្រាប្រណី។
-បងអើយ អូនគ្មានបំណងបែកទេ!
ដួងចិត្តនៅតែ ពុំប្រែសម្ដី
សម្បថលើភ្នំ យាយផ្លុំសក្ខី
អស់ពៀរអប្រិយ វិលវៃរកបង...។/
និពន្ធដោយ៖ ផែន សុផល

ទឹកភ្នែក នាងណាវី

-អាសូរ ណាវី នារីអភ័ព្វ
ជួបរឿងជូរចត់ កម្សត់ម្ល៉េះទេ!
ឪពុកស្លាប់ទៅ នៅសល់តែម៉ែ
ទុក្ខព្រួយឥតល្ហែ នឹងខ្សែជីវិត។
-ស្នេហាជួបព្យុះ ព្យោមាឧបសគ្គ
រារាំងថ្នាំងថ្នាក់ ប្រទាក់ដួងចិត្ត
ឪចុងអប្រិយ យល់ខ្លីគំនិត
ប្រាថ្នារួបរឹត ងងឹតព្រោះកាម។
-កើតចិត្តក្រៀមក្រំ តែងយំប្រាប់មេឃ
សោកសៅពន់ពេក ទឹកភ្នែករហាម
ដំបៅបេះដូង លើទ្រូងគ្មានស្នាម
ប្រុសល្អតោងតាម សង្គ្រោះរូបស្រី។
-ស្នេហ៍ស្មោះពុុំព្រាត់ មិនភ្លាត់ឆ្ងាយគ្នា
ម្ដាយផុតជន្មា កម្មពៀរលោកិយ
ចំណានកួចផ្សង វេញក្រងនិស្ស័យ
ជាគូសាមី រៀងដរាបអើយ ។/
និពន្ធដោយ៖ ផែន សុផល