-ខ្ញុំសែនរឭក នឹកស្រុកកន្លង
ឃ្លាតកាយមកចង ចិត្តលើដីថ្មី
នឹកម៉ែ នឹកពុក បងប្អូនប្រុសស្រី
ចាកចោលទឹកដី ជាងដប់ឆ្នាំហើយ។
-នឹកណាស់ ព្រះអើយ នឹកអស់ភូមិរ៉ា
មិនដឹងឆ្នាំណា? បានជួបវិញឡើយ
ពេលនេះ ខ្លួនឃ្លាត គ្មានទីកោះត្រើយ
អនិច្ចា! ខ្លួនអើយ រងទុក្ខសៅហ្មង។
-ប៉ុន្មានឆ្នាំនេះ មិនអាចទៅវិញ!
ចិត្តសែនទោម្នេញ ដូចគេចាប់ចង
អូររាំង ភូមិបេង រែងឆ្ងាយកន្លង
ខ្ញុំមានបំណង ចង់ជួបតែអ្នក។
-នឹកណាស់ នឹកណាស់ នឹកស្រែចម្ការ
នឹកគោឆ្កែឆ្មាធ្លាប់វាយទាត់ធាក់
នឹកពាក្យសម្ដី ឥតក្ដីថ្នមថ្នាក់
នឹកគ្រប់មិត្តភ័ក្តិ រៀនវិទ្យាល័យ។
-នឹកតូប នឹកតុ នឹកគ្រូអាចារ្យ
ពេលនឹកម្ដងណា ខ្ញុំតែងស្រមៃ
នឹកមិត្តសម្លាញ់ ធ្លាប់រួមប្រាស្រ័យ
មិនដឹងនិស្ស័យ ពួកគេយ៉ាងណា? ។
-ក្នុងចំណោមមិត្ត អភ័ព្វតែខ្ញុំ
រស់ក្នុងសង្គម ពុំសូវថ្លៃថ្លា
ត្រឹមគ្រូបង្រៀន មធ្យមសិក្សា
មិនដឹងឆ្នាំណា? រស់បានប្រពៃ។
-និយាយប្រាក់ខែ តិចតួចស្ដួចណាស់
នេះខ្ញុំគិតច្បាស់ អត់ជក់បារី
មិនសេពគ្រឿងញៀន បនល្បែងស្រាស្រី
ខ្ញុំរស់ទាំងក្ដី វេទនាចិន្ដា។
-ជីវិតរាល់ថ្ងៃ រស់ចាំទន្ទឹង
រស់គ្មានទីពឹង សែនខ្លោចឱរា
កុំតែមានចិត្តមនសិការ
ដល់ជោគវាសនា កូនខ្មែរប្រុសស្រី។
-ពេលនេះ ឃ្លាតកាយអាល័យនឹកស្រុក
សង្ឃឹមថ្ងៃមុខ ជួបអ្នកជាថ្មី
ឱះឱ! ភូមិបេង កំណើតកវី
ទឹកដីឧត្តម កាលវ័យកុមារ។/
និពន្ធដោយៈ ផែន សុផល
No comments:
Post a Comment