-យប់ដប់ប្រាំកើត ចន្ទអើតប៉ប្រិម
រះឆ្ងាយសន្លឹម នៅលើមេឃា
តារាព្រោងព្រាត ប្រជ្រៀតគ្នីគ្នា
ចាំងផ្ទៃគង្គា សោភាម្ល៉េះទេ!។
-ខ្ញុំឈរលើស្ពាន អត់ហ៊ានមាត់ឮ
ស្ដាប់សត្វមៀមឌឺ ថ្លែងរឿងមាសមេ
ថាស្រីមានថ្មី មិនស្ម័គ្រឡើយស្នេហ៍
ត្បិតប្រុសក្រល្ហែ រហាមជីវិត។
-នែ៎! មៀមចង្រៃ សម្ដីគម្រក់
អ្នកឯងអាក្រក់ ស៊កថ្លែងមិនពិត
នាងស្រលាញ់ខ្ញុំ ឥតប្រែប្រួលចិត្ត
ស្បថស្បែរួបរឹត ប្ដូរផ្ដាច់សង្ខារ។
-បើក្ដីស្នេហ៍យើង ដូចមៀមពោលនោះ
រៀមមិនយកទោស ឬខឹងជីវា
មានតែចងដៃ ជូនពរសង្សារ
មង្គលក្រោយការ ដរាបរៀងអើយ...។/
និពន្ធដោយៈ ផែន សុផល
No comments:
Post a Comment