Monday, October 28, 2013

រាត្រី អូនយំ

-យប់យន់សែនស្ងាត់ ចន្ទអ័ព្ទរស្មី
ប្រៀបបានដូចស្រី អ័ព្ទព្រាត់ក្ដីស្នេហ៍
ឆាកល្ខោនស្នេហា ក្បត់ចិត្តប្រួលប្រែ
ទុក្ខព្រួយឥតល្ហែ ឈឺផ្សាកន្លង។
-ដួងចិត្តអូនស្មោះ តែប្រុសវរមិត្រ
ក្នុងមួយជីវិត មិនគិតសៅហ្មង
ឱ្យតែបានរស់ក្បែរទ្រូងនួនល្អង
បងអើយ អើយបង នេះបំណងស្រី។
-អូនខុសរឿងអ្វី? ប្រុសថ្លៃចោលស្នេហ៍
ស្រណោះយប់ខែ ចន្ទពេញបូណ៌មី
បងធ្លាប់ប្រាប់អូន ថាកុំឱ្យភ័យ
មិនប្រែដោះដៃ ចោលផ្កាក្រពុំ។
-យប់នេះ អូនយំ យំមួយរាត្រី
ឆ្អែតនឹងសម្ដី វិប្បយោគស្នេហ៍ខ្ញុំ
ទឹកភ្នែកអូនហូរ ជន់ជោរក្ដៅងំ
លាស្នេហ៍ក្រៀមក្រំ ព្រោះប្រុសចិត្តក្បត់។/
និពន្ធដោយៈ ផែន សុផល

No comments:

Post a Comment